វិទ្យុអាស៊ីសេរី៖ គ្រួសារ និងសហជីពទទូចឱ្យតុលាការដោះលែងប្រធានសហជីពលោក ម៉ម រិទ្ធី

សាច់ញាតិ និងមន្ត្រីសហជីព ទាមទារឱ្យតុលាការទម្លាក់បទចោទលើប្រធានសហព័ន្ធសហជីពកម្មករវិស័យនិយោជិកទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) លោក ម៉ម រិទ្ធី និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខ័ណ្ឌ។

គ្រួសារ និងសហជីព ចាត់ទុកការចាប់ខ្លួន លោក ម៉ម រិទ្ធី គឺជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងដល់ការអនុវត្តសិទ្ធិសេរីភាពសហជីព តាមរយៈការចាប់កំហុសដើម្បីចោទប្រកាន់។

ប្រពន្ធ លោក ម៉ម រិទ្ធី គឺលោកស្រី គង់ សុដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែ ឧសភា ថា លោកស្រីហួសចិត្ត និងមិនអាចទទួលយកបាននោះទេ ដែលតុលាការផ្ដន្ទាទោសប្ដីលោកស្រីដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ។ លោកស្រីបន្តថា តុលាការគួរតែពិចារណាដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញ ពីព្រោះប្ដីលោកស្រីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការឡើយ។

លោកស្រី គង់ សុដា៖ «ជាចុងក្រោយខ្ញុំស្នើសុំឱ្យគ្រប់ក្រុមការងារទាំងអស់ និងខាងមន្ត្រីរាជការ តុលាការជួយគាត់សើរើរឿងហ្នឹងវិញពីព្រោះហ្នឹងវាអត់សាកសមចាប់គាត់ឃុំដល់ថ្នាក់ហ្នឹង។ រឿងអស់ហ្នឹងលឺថា តាំងពីឆ្នាំ២០២២ ហើយស្ត្រីដែលគាត់បានជួយក៏គាត់បានចេញពីពន្ធនាគារយូរហើយដែរ។ ហេតុអ្វីក៏មានរឿងហ្នឹងកើតឡើង? រឿងហ្នឹងនៅតែមានការងឿងឆ្ងល់សម្រាប់ខ្ញុំ»។

លោក ម៉ម រិទ្ធី គឺជាប្រធានសហព័ន្ធសហជីពកម្មករវិស័យនិយោជិកទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) និងជាអ្នកតស៊ូមតិយ៉ាងសកម្មដើម្បីការពារអត្ថប្រយោជន៍ឱ្យកម្មករក្នុងវិស័យដឹកជញ្ជូន។ កាលពីទី៧ ខែឧសភា តុលាការរាជធានីភ្នំពេញ បានចេញសាលក្រមកំបាំងមុខផ្ដន្ទាទោសលោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ ពីបទ«ញុះញង់ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» គឺពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ករណីរឿងចាប់ខ្លួនបុគ្គលិកជាស្ត្រីម្នាក់ឈ្មោះ ម៉ម ស្រីល័ក្ខណ នៅកាស៊ីណូ ជិនប៉ី (jin bei) ដែលលោកមើលឃើញថា គឺជារឿងអយុត្តិធម៌ ហើយក្នុងនាមជាមេដឹកនាំសហជីពលោកត្រូវតែចេញមុខជួយការពារ និងទាមទាររកយុត្តិធម៌ជូនសមាជិកសហជីព។

ជុំវិញករណីនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជិនប៉ី (jin bei) បានដកពាក្យបណ្ដឹងលើលោក ម៉ម រិទ្ធី រួចហើយកាលពីឆ្នាំ២០២២ ដូច្នេះតុលាការគួរតែទម្លាក់ចោលបទប្រកាន់ និងដោះលែង លោក ម៉ម រិទ្ធី ឱ្យមានសេរីភាព។ លោកបន្តថា ករណីចាប់ខ្លួន លោក ម៉ម រិទ្ធី នេះគឺជារូបភាពបំភិតបំភ័យ សម្លុត គំរាមកំហែង និងយាយីដល់សិទ្ធិរបស់តំណាងកម្មករដែលបង្កឧបសគ្គដល់ការប្រើប្រាស់សិទ្ធិសហជីព។

លោក អាត់ ធន់៖ «វាអត់មានរឿងចម្លែកអីទេនិយាយទៅថាបទចោទហ្នឹងបទល្មើសជាអាទិ៍ហ្នឹងគិតថាពេញនិយម។ ម្យ៉ាងទៀត ដោយសារគាត់ជាថ្នាក់ដឹកនាំសហព័ន្ធសហជីពឯករាជ្យទៀត ការធ្វើបែបហ្នឹងខ្ញុំគិតថាមានភាពមិនប្រក្រតីកើតឡើងនៅក្នុងរឿងហ្នឹង ឬក៏អាចជាការដាក់សម្ពាធចលនាសហជីពរបស់ពួកយើង។ អ៊ីចឹងបានជាយើងព្យាយាមជំរុញឱ្យមានការដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១១ ខែឧសភា។

ទាក់ទងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការបញ្ចេញមតិរបស់លោក ម៉ម រិទ្ធី នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺជាការអនុវត្តសិទ្ធិសេរីភាពមិនមែនជាការញុះញង់នោះឡើយ។ លោកបន្តថា ការចាប់ខ្លួនលោក ម៉ម រិទ្ធី នេះគឺឆ្លុះបញ្ចាំងពីការរឹតត្បិតសេរីភាព និងធ្វើឱ្យលំហនៃការអនុវត្តសិទ្ធិនៅកម្ពុជាកាន់តែរួមតូច។

លោក នី សុខា៖ «ដើម្បីឱ្យមានការលើកកម្ពស់នូវប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យមានជំនឿប្រព័ន្ធអយុត្តិធម៌យើងដើម្បីឱ្យ ប្រជាពលរដ្ឋមានជំនឿគឺជារឿងមួយដែលតុលាការគួរតែបង្ហា ញរឿងមួយដែលយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់។ ជាទូទៅប្រសិនជាយើងពិនិត្យមើលលើកករណីមួយចំនួនដែលជាការសម្រេចសេចក្ដីដោយភាពអយុត្តិធម៌រឿងហ្នឹងហើយដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ទៅដល់តម្លៃរបស់តុលាការ»។

ក្រុមហ៊ុនបនល្បែងកាស៊ីណូ ជិនប៉ី (jin bei) ដែលលោក ម៉ម រិទ្ធី តស៊ូមតិទាមទាររកយុត្តិធម៌ជូនលោកស្រី ម៉ម ស្រីល័ក្ខណ នោះគឺជារបស់លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រូប (Prince Group) និងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សាច់ញាតិ និងមន្ត្រីសហជីព លើកឡើងថា ពួកគាត់នឹងបន្តនីតិវិធីប្ដឹងទៅសាលាឧទ្ធរណ៍ចំពោះការចាប់ខ្លួន លោក ម៉ម រិទ្ធី ដាក់ពន្ធនាគារទាំងអយុត្តិធម៌បែបនេះ និងស្នើឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់បំបាត់សំឡេងសហជីពតទៅទៀត៕

អានព័ត៌មានគេហទំព័រ៖ https://www.rfa.org/…/families-and-unions-urge-court-to

The Cambodian Labor Union was established on April 9, 2006 and registered at No KB / VK on December 31, 2008 at the Ministry of Labor and Vocational Training, a democratic and independent federation. Currently, CLC has 124023 members from 10 member federations, associations and unions ...

Contact Us

  • # 2.3G, Street 26 BT, Thnot Chrum Village, Sangkat Boeung Tumpun 2, Khnan Mean Chey, Phnom Penh.
  • 087 888 959 / 012 509 709Mon-Fri, 8am until 5pm
  • clc.cambodia@online.com.khWe reply within 24 hours
Developed: CyberFish