លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។
តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...