នៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទៅលើវិស័យជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន៖ វិស័យវាយនភណ្ឌកាត់ដេរ ទេសចរណ៍ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន ដឹកជញ្ជូន សំណង់ អចនទ្រព្យ ទីផ្សារការងារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ ស្របពេលជាមួយគ្នានោះដែរ ក៏មានក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តបិទអាជីវកម្ម ព្យួរការងារបណ្តោះអាសន្ន កាត់បន្ថយកម្មករ កាត់បន្ថយប្រាក់ឈ្នួល ឬប្រាក់អត្ថប្រយោជន៍ មិនបើកប្រាក់ឈ្នួលជូនកម្មករ មានការរំលោភសិទ្ធិកម្មករ សិទ្ធិការងារ និងសេរីភាពសហជីពជាដើម។ កត្តាទាំងអស់នេះហើយបានធ្វើឱ្យកម្មករនិយោជិត ជួបប្រទះនូវបញ្ហាជាច្រើនដូចជា៖ ការបាត់បង់ការងារ ការទទួលប្រាក់ឈ្នួលមិនពេញលេញ១០០% ការបាត់បង់ប្រាក់ចំណូល ការយកលេសបញ្ឈប់កម្មករ ដោយមិនសមហេតុផល និងរំលោភច្បាប់ជាដើម។
ជាងនេះទៅទៀត កម្មករមួយចំនួន បានកំពុងជួបប្រទះហារនិភ័យនៃចំណូល និងចំណាយរបស់ពួកគាត់ ដែលវាមិនមានតុល្យភាពនឹងគ្នា។ ចំណូលទទួលបានតិចតួច ប៉ុន្តែគាត់ត្រូវចំណាយច្រើន ទៅលើការទទួលទានអាហារប្រចាំថ្ងៃ ថ្លៃផ្ទះជួល បង់ទឹកភ្លើង កូនរៀន សេវាសុខភាពគ្រួសារ ចិញ្ចឹមសមាជិកគ្រួសារ បង់បំណុលធនាគារ ចូលរួមពិធីសង្គមជាច្រើនទៀតដូចជា ពិធីការ ពិធីបុណ្យ និងការកម្សាន្តនានា។ ក្រៅពីបញ្ហា ដែលកម្មករបានជួបប្រទះដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ កម្មករក៏បានប្រឈម នូវបញ្ហាជាច្រើនទៀតដូចជា៖ កម្មករធ្វើការទទួលបានប្រាក់ឈ្នួលទាប ធ្វើការច្រើនម៉ោង កន្លែងធ្វើការមួយចំនួន ពុំទាន់មានស្តង់ដារសុវត្ថិភាពការងារគ្រប់គ្រាន់ ការប្រើប្រាស់កិច្ចសន្យាការងារខ្លីៗ និងកុងត្រាម៉ៅការបន្តខុសច្បាប់ មានការរើសអើង ការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់ពន្ធនាគារ ការប្រើអំពើហិង្សា ការប្តឹងទៅតុលាការ លើសហជីពឯករាជ្យជាដើម។ ថ្មីៗនេះមានថៅកែក្រុមហ៊ុនមួយចំនួនបានបិទរោងចក្រ ហើយបញ្ឈប់ ការងារកម្មករ និងតំណាងសហជីព ដោយមិនបានបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករឱ្យបានត្រឹមត្រូវតាមច្បាប់ឡើយ។ ជាងនេះទៅទៀត ច្បាប់សហជីព បានបង្កនូវឧបសគ្គយ៉ាងខ្លាំងដល់កម្មករនិយោជិត និងសហជីពក្នុងការការពារសិទ្ធិសេរីភាព និងអត្ថប្រយោជន៍ ជូនកម្មករនិយោជិត។
ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៤ (១៨៨៦-២០២០) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តំណាងសហជីពមក ពីវិស័យវាយនភណ្ឌកាត់ដេរឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម ដឹកជញ្ជូន កសិកម្ម សំណង់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដាក់សំណើសុំចំនួន១៩ចំណុច ទៅដល់ថ្នាក់ដឹកនាំរដ្ឋសភាជាតិ និង រាជរដ្ឋាភិបាលឱ្យជួយពិនិត្យ និងដោះស្រាយនូវបញ្ហា និងសំណូមពររបស់កម្មករ ដើម្បីលើកកម្ពស់នូវសេដ្ឋកិច្ចកម្មករ ការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ សិទ្ធិការងារ សិទ្ធិកម្មករ លក្ខខណ្ឌការងារ សេរីភាពសហជីព និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានចែងក្នុងច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិជាដើម។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...