វគ្គបណ្តុះបណ្តាលអំពី កម្រងសំណួរ និងកម្មវិធីកូបូសម្រាប់អ្នកប្រមូលទិន្នន័យ

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា អនុប្រធាន និងជាប្រធានក្រុមប្រឹក្សាតំណាងសម្ព័ន្ធសហជីពស៊ីខៅឌូ បានអញ្ជើញចូលរួម និងមានប្រសាសន៍បើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «កម្រងសំណួរ និងកម្មវិធីកូបូសម្រាប់អ្នកប្រមូលទិន្នន័យ» ដល់ជនបង្គោលចំនួន ៣២ នាក់ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ខណ្ឌដង្កោ ភ្នំពេញ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពន្យល់បន្ថែមលើ កម្រងសំណួរ និងការប្រើប្រាស់កម្មវិធីកូបូសម្រាប់ប្រមូលទិន្នន័យអំពីតម្រូវការរស់នៅរបស់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប។

ថ្លែងនៅពេលបើកកម្មវិធី លោក អាត់ ធន់ មានប្រសាស៍ថា សហភាពការងារកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើជាតំណាងកម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប នៅក្នុងកិច្ចចរចារប្រាក់ឈ្នួលអប្បបរមា និងកិច្ចការងារផ្សេងទៀតផងដែរ។

លោកបន្តថា ភាពសាមគ្គីគ្នារវាងថ្នាក់ដឹកនាំរបស់សម្ព័ន្ធសហជីពស៊ីខៅឌូ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន និងសមាជិកទាំងអស់ គឺជាចំណុចខ្លាំងរបស់ស្ថាប័ន។ បន្ថែមពី ភាពឯករាជ្យនៃសម្ព័ន្ធសហជីពស៊ីខៅឌូ ក៏រឹងរឹតតែសំខាន់ផងដែរ ដែលជាកម្លាំងចលករមួយដើម្បីចរចារជាមួយនិយោជក និងរាជរដ្ឋាភិបាលក្នុងកិច្ចចារចារប្រាក់ឈ្នួល កិច្ចសន្យាការងារ ការងារសមរម្យ កិច្ចគាំពារសង្គមជា និងការដោះស្រាយវិវាទការងារជាដើម។

ក្រៅពីនេះ លោកក៏បានលើកឡើងអំពី បញ្ហាប្រឈមផ្សេងៗរបស់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន និងវិសមភាពរវាងប្រាក់ឈ្នួល និងការកើនឡើងនៃអតិផរណា ដែលបង្កជាបញ្ហាចម្បងមួយសម្រាប់កម្មករនិយោជិតផងដែរ។

ជាលទ្ធផល លោកបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលសម្រាប់ជនបង្គោលនេះ គឺពិតជាសំខាន់នៅក្នុងការប្រមូលទិន្នន័យនៃតម្រូវការរស់នៅរបស់កម្មករនិយោជិត ហើយក៏ជា ភស្ដុតាងសម្រាប់ការចរចារប្រាក់ឈ្នួលអប្បបរមាផងដែរ។

សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយ CLC និងសម្ព័ន្ធសហជីពស៊ីខៅឌូ ក្រោមការឧបត្ថម្ភថវិកាដោយ CNV internationaal​ ហើយមានអ្នកចូលរួមចំនួន ៣២ នាក់ដែលមកពី CLC សម្ព័ន្ធសហជីពស៊ីខៅឌូ និងថ្នាក់ដឹកនាំសហជីពមូលដ្ឋានរបស់សម្ព័ន្ធសហជីពស៊ីខៅឌូចំនួន ២៧ រោងចក្រ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish