ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នៅកម្ពុជាលើកទី៣២

ព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២៣ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការីបានចូលរួមរៀបចំ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នៅកម្ពុជាលើកទី៣២ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣) ជាមួយនឹងតំណាងសមាគម សហជីព អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ក្រោមប្រធានបទ “លើកកម្ពស់ស្មារតី និងកាតព្វកិច្ចនៃភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ស្តីពី កម្ពុជា” នៅទីលានប្រជាធិបតេយ្យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។

✍️សេចក្ដីថ្លែងការណ៍រួម៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីអំពីកម្ពុជា ដែលស្គាល់ថា ជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ ជម្លោះនយោបាយរួមមួយសម្រាប់កម្ពុជា បានឯកភាពជាមួយគូទំនាស់ទាំង ៤ ភាគី បញ្ចប់សង្រ្គាម រក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារប្រទេសកម្ពុជាទ្បើងវិញ ធានាការគោរព ការពារ និងបំពេញកាតព្វកិច្ចខាងសិទ្ធិមនុស្ស ដឹកនាំប្រទេសកម្ពុជាតាមផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស និងអធិបតេយ្យភាព ឯករាជ បូរណភាព មិនអាចរំលោភបាននៃដែនដី អព្យាក្រឹត និងឯកភាពជាតិកម្ពុជា។

ការព្រមព្រៀង និងគោលការណ៍សំខាន់ៗភាគច្រើនត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ តែក្រោយមក រដ្ឋធម្មនុញ្ញក៏ត្រូវបានវិសោធនកម្មជាច្រើនដង ហើយតាមផ្លូវច្បាប់ក្តី តាមផ្លូវអនុវត្តន៍ជាក់ស្តែងក្តី យើងឃើញថា គោលការណ៍សំខាន់ៗមួយចំនួនមិនត្រូវបានអនុវត្ត ឬត្រូវបានបំពាន ដូចជា៖• ប្រជាជាតិកម្ពុជាមួយចំនួនរងការរើសអើង បែកបាក់ជាតិ ទំនាស់នយោបាយ ចាប់តាំងពីឆ្នាំ ២០១៧ ដែលជាលទ្ធផលមានអ្នកនយោបាយ អ្នកគាំទ្រនយោបាយរាប់សិបនាក់ជាប់ពន្ធនាគារ និងទទួលការគម្រាមកំហែងភៀសខ្លួនចាកចោលស្រុក ដោយគ្រាន់តែមានមតិផ្ទុយ។
• រដ្ឋធម្មនុញ្ញកម្ពុជាដែលមានចែងធានាគោរព និងការពារសិទ្ធិជាមូលដ្ឋាន ជាពិសេសសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាការជួបជុំជាសាធារណៈ ការបញ្ចេញមតិ ការបង្កើតសមាគម និងសិទ្ធិនយោបាយ។ ការបាត់សមាជិកភាពពីបក្ស និងការរំលាយបក្សនាំឲ្យតំណាងរាស្ដ្របាត់អាសនៈរបស់ខ្លួននោះ វាផ្ទុយទៅនឹងឆន្ទៈរាស្ត្រ ដែលបានបោះឆ្នោតផ្តល់ការទុកចិត្តដល់តំណាងរាស្ត្រ ។
• ពលរដ្ឋសកម្ម ជាពិសេសយុវជន ដែលហ៊ានអនុវត្តសិទ្ធិសេរីភាពដើម្បីការពារសិទ្ធិមនុស្ស ការពារបរិស្ថាន និងការពារធនធានធម្មជាតិជាច្រើនត្រូវបាន រងអំពើហិង្សា ឃាត់ខ្លួនដោយអាជ្ញាធរ និងតុលាការ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មិនមានសេរីភាពក្នុងការបញ្ចេញមតិ គ្មានសិទ្ធិតវ៉ាពេញលេញ នៅកម្ពុជា។

✍️ដូច្នេះ ក្នុងនាមសមាគម សហជីព សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល សូមជូនអនុសាសន៍ដូចខាងក្រោម៖
១. សូមឱ្យអ្នកនយោបាយ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមជាតិនិងបង្រួបបង្រួមគ្រប់ភាគីនយោបាយ។
២. សូមឱ្យរដ្ឋាភិបាលថ្មី ពិនិត្យកែទម្រង់ច្បាប់ រួមមានច្បាប់ការបោះឆ្នោតត្រឹមត្រូវដោយសេរី និងយុត្តិធម៌ និងច្បាប់ដែលធានាសិទ្ធិរបស់ពលរដ្ឋ បើកលំហសេរីភាពឱ្យប្រជាពលរដ្ឋ ដាក់ទោសអ្នកដែលបំពានសិទ្ធិ និងបំបិទសេរីភាពពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
៣. កែទម្រង់ច្បាប់ ធានាអាណត្តិរបស់តំណាងរាស្ត្រ បើទោះជាតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពពីបក្ស ឬ បក្សគាត់ត្រូវគេរំលាយក៏ដោយ។
៤. ធានា ការពារ និងលើកកម្ពស់អ្នកការពារសិទ្ធិមនុស្ស និងស្ថាប័ន និងអ្នកសារព័ត៌មាន។ ជាមួយគ្នានេះដែរ បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍ និងគាំទ្រសកម្មភាពដើម្បីសង្គម និងគំនិតផ្តួចផ្តើមរបស់យុវជន។
៥. សូមឱ្យរាជរដ្ឋភិបាលបើកលំហប្រជាធិបតេយ្យប្រកបដោយអត្ថន័យ សេរីភាពបញ្ចេញមតិដល់ពលរដ្ឋ និងបញ្ឈប់ការយាយីអ្នកហ៊ានងើបតវ៉ា ដើម្បីការពារសិទ្ធិមនុស្ស ការពារបរិស្ថាន និងការពារធនធានធម្មជាតិ។
៦. សូមរដ្ឋាភិបាលកម្ពុជាធានាដល់សេរីភាពសារព័ត៌មាន និងរក្សាឱ្យបាននូវអង្គភាពសារព័ត៌មានឯករាជ្យក្នុងប្រទេស ដើម្បីឆ្លើយតបដល់តម្រូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងប្រជាធិបតេយ្យតាមរយៈពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ។
៧. សូមឱ្យម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធានានូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុបារីស៍នេះឱ្យបានពេញលេញ ស្របតាមស្មារតី និងកាតព្វកិច្ចនៃកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នៅកម្ពុជាលើកទី៣២ នេះ ត្រូវបានសហការរៀបចំដោយសមាគម សហជីព សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាង ២០ ស្ថាប័ន និងមានអ្នកចូលរួមប្រមាណ ២,០០០ នាក់។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish