សហភាពការងារកម្ពុជា (CLC) បានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ឧសភា ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សិទ្ធិការងារ និងសេរីភាពសហជីព”

សហភាពការងារកម្ពុជា (CLC) បានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ឧសភា ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សិទ្ធិការងារ និងសេរីភាពសហជីព” ដែលមានអ្នកចូលរួមមកពី ៩វិស័យ និង​តំណាង​អង្គការសង្គមស៊ីវិលនានា សរុបជាង២,០០០នាក់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ។

ក្នុងទិវាពលកម្មអន្តរជាតិ ០១ឧសភានេះ ថ្នាក់ដឹកនាំ​សហភាព និង​សហព័ន្ធសមាគម បានឡើងថ្លែងសារអំពីទុក្ខកង្វល់របស់កម្មករនិយោជិត និង​ទទួតស្នើរាជរដ្ឋាភិបាល​ជួយដំស្រាយចំណុចប្រឈមចំនួន ១៨ចំណុចដូចខាងក្រោម៖

  1. ស្នើសុំរាជរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមា២៥០ដុល្លារក្នុងមួយខែ ជូនកម្មករនិយោជិតវិស័យកាត់ដេរ ព្រមទាំងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត នៃវិស័យទេសចរណ៍ សេវាកម្ម សំណង់ កសិកម្ម និងវិស័យដឹកជញ្ជូន។
  2. ស្នើសុំរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈ អត្រាការប្រាក់ធនាគារ និងតម្លៃជីកសិកម្មឱ្យមកនៅក្នុងកម្រិតសមរម្យ។
  3. ស្នើសុំរាជរដ្ឋាភិបាលបញ្ចូលមកវិញនូវថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានប្រាក់ឈ្នួល ជាពិសេសថ្ងៃ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣តុលា) និងទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ធ្នូ)។
  4. ស្នើសុំរាជរដ្ឋាភិបាល អន្តរាគមន៍ឱ្យទម្លាក់ចោលបទចោទសមាជិកសហជីពឈ្មោះ ម៉ម ស្រីល័ក្ខ ដែលត្រូវបានក្រុមហ៊ុន កាស៊ីណូ ជីនប៉ី នៅខេត្តព្រះសីហនុ និងអាជ្ញាធរធ្វើការចោទប្រកាន់ទាំងអយុត្តិធម៌ និងដកការចាប់ខ្លួនលើអនុប្រធានសហជីព នៃក្រុមហ៊ុនលក់ថ្នាំពេទ្យ (វី អ៊ី) ដែលមានឈ្មោះ តាំង សក់បួយ និង ឌុល ណារ៉េត រួមទាំងតំណាងសហជីពនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យមានសេរីភាពឡើងវិញ និងទទួលយកពួកគេឱ្យចូលធ្វើការ រួមទាំងគិតប្រាក់រំលឹកចាប់ពីពេលបញ្ឈប់ រហូតចូលធ្វើការវិញ។
  5. ស្នើសុំក្រសួងការងារ អន្តរាគមន៍ឱ្យតំណាងសហជីពនៃក្រុមហ៊ុនដឹកជញ្ជូន កាពីតូល, សូរិយាដឹកអ្នកដំណើរ, ចាយអិន អាយប៊ីស, អេលីត, ជុនស៊ូ, អេស៊ាន, វែលហ្វែរ ឡតធើរី, ហូលីដេឌីហ្សាញ, វ៉ៃស៊ីង ប្រូដាក់ ខ្មែរអេឡិចទ្រីខលផៅវ័រ (KEP) និងក្រុមហ៊ុនឡងមេត ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ទាំងអយុត្តិធម៌ឱ្យបានចូលធ្វើការវិញ និងទូទាត់ប្រាក់រំលឹកតាមច្បាប់។
  6. ស្នើសុំរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីធានាថាកម្មករមានសិទ្ធិពេញលេញ ក្នុងការចូលរួមជាមួយសហជីព សិទ្ធិពឹងពាក់សហជីពធ្វើជាតំណាង និងសិទ្ធិធ្វើកូដកម្ម។
  7. ស្នើសុំរាជរដ្ឋាភិបាល និងសភាជាតិផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៣ស្តីពី “សិទ្ធិកម្មករជាស្រ្តីពេល លំហែមាតុភាព” អនុសញ្ញាលេខ១៨៩ស្តីពី “ការការពារសិទ្ធិកម្មករធ្វើការតាមផ្ទះ” អនុសញ្ញាលេខ១៤៤ ស្តីពី “ការពិគ្រោះយោបល់ត្រីភាគី (ស្តង់ដារការងារអន្តរជាតិ)” និងអនុសញ្ញាលេខ១៩០ស្តីពី “អំពើហិង្សា និងការយាយី” ដើម្បីលុបបំបាត់រាល់អំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការយាយីនៅក្នុងពិភពការងារ។
  8. ស្នើសុំរាជរដ្ឋាភិបាលត្រូវអនុវត្តរបបសន្តិសុខសង្គមផ្នែកនិកម្មភាព ឱ្យបានឆាប់បំផុត និងត្រូវពង្រឹងសេវា ព្យាបាល និងថែទាំជំងឺឱ្យមានគុណភាពខ្ពស់ដោយគ្មានការរើសអើង និងពង្រីកការចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ជាពិសេសកម្មករនិយោជិតងាយរងគ្រោះនៅក្នុងវិស័យសំណង់ សិប្បកម្មដែក ឡឥដ្ឋ កសិកម្ម ឧស្សាហកម្ម សេវាកម្ម ដឹកជញ្ជូន និងកម្មករក្រៅប្រព័ន្ធជាដើម។
  9. ស្នើសុំរាជរដ្ឋាភិបាលបង្កើតគោលនយោបាយ និងប្រកាសស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារដើម្បីការពារកម្មករនិយោជិតងាយរងគ្រោះនៅក្នុងវិស័យសំណង់ សិប្បកម្មដែក ឡឥដ្ឋ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងសេវាកម្មជាដើម។
  10. ស្នើសុំរាជរដ្ឋាភិបាលបង្កើតច្បាប់ បញ្ចូលកម្មករដឹកជញ្ជូនទំនិញ ឬរកស៊ីតាមប្រព័ន្ធApp ឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវពួកគេជាកម្មកររបស់ក្រុមហ៊ុន ដើម្បីឱ្យកម្មករទាំងនោះទទួលបានសិទ្ធិការងារ និងរបបសន្តិសុខសង្គម (ប.ស.ស.) ដូចកម្មករដទៃទៀតដែរ។
  11. ស្នើសុំរាជរដ្ឋាភិបាលដកចំណុចទី៣នៃសេចក្ដីជូនដំណឹងលេខ១៤២/២០របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីនីតិវិធីការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធក្នុងបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។
  12. ស្នើសុំរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិបង្កើតតុលាការការងារមួយដែលឯករាជ្យ អព្យាក្រឹត និងយុត្តិធម៌ ឱ្យបាននៅឆ្នាំ២០២៤ ដើម្បីដោះស្រាយវិវាទការងារជូនកម្មករនិយោជិតឱ្យបានឆាប់រហ័ស និងគ្មានការចំណាយថវិកា ហើយត្រូវមានតំណាងកម្មករនិយោជិតជាក្រុមប្រឹក្សាចៅក្រមនៅក្នុងតុលាការនេះផងដែរ។
  13. ស្នើសុំរាជរដ្ឋាភិបាលជំរុញឱ្យនិយោជកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងទូទាត់សំណងតាមច្បាប់ចំនួន៥ចំណុច នៅពេលក្រុមហ៊ុនបិទទ្វា និងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករវិស័យផ្សេងទៀតពេលព្យួរការងារ ដូចកម្មករវិស័យកាត់ដេរផងដែរ។
  14. ស្នើសុំក្រសួងការងារ ចុះអធិការកិច្ចនៅក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការដូងប្រេង ចម្ការចេក ចម្ការអំពៅ និងក្រុមហ៊ុនចម្ការផ្សេងទៀត ដែលកំពុងប្រើប្រាស់កម្មករតាមរូបភាពជួលជាថ្ងៃ ឬបណ្ដែតខុសច្បាប់ និងមិនបានផ្តល់សិទ្ធិការងារ អតីតភាពការងារ និងរបបសន្តិសុខសង្គម (ប.ស.ស.) ឱ្យបានត្រឹមត្រូវ។
  15. ស្នើសុំរាជរដ្ឋាភិបាលរៀបចំទីកន្លែងឱ្យបានសមរម្យសម្រាប់បងប្អូនកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកបមុខរបរប្រកបដោយសុវត្ថិភាព និងឧបត្ថម្ភដើមទុនសម្រាប់ពួកគាត់ប្រកបមុខរបរ។
  16. ស្នើសុំរាជរដ្ឋាភិបាលផ្តល់ទុន ដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលជំនាញបចេ្ចកទេសកសិកម្ម និងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម ឱ្យបានតម្លៃសមរម្យជូនកសិករ។
  17. ស្នើសុំរាជរដ្ឋាភិបាលរៀបចំយន្តការការពារកម្មករចំណាកស្រុកទាំងនៅក្នុង និងក្រៅប្រទេសឱ្យមានប្រសិទ្ធភាព និងធានាការពារសុវត្ថិភាពសម្រាប់កម្មករចំណាកស្រុកឱ្យជៀសផុតពីការជួញដូរ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានសិទ្ធិសេរីភាពជាដើម។
  18. ស្នើសុំរាជរដ្ឋាភិបាលចាត់វិធានការតឹងរឹងដល់ក្រុមហ៊ុនឱ្យរៀបចំបរិស្ថាន សន្តិសុខ និងសុវត្ថិភាពទីកន្លែង ការងារដើម្បីផ្តល់សេចក្តីសុខ និងផាសុកភាពដល់កម្មករនិយោជិត និងបញ្ឈប់ការបញ្ចេញកាកសំណល់ពុល រឹង រាវ និងផ្សែងពុល ដែលនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។

សហភាពការងារកម្ពុជា និង​សហព័ន្ធសមាគម សង្ឃឹមថារាជរដ្ឋាភិបាល​នឹងជួយអន្តរាគមន៍ និងដោះស្រាយនូវសំណូមពររបស់យើងខ្ញុំខាងលើ ដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិ សេរីភាព លក្ខខណ្ឌការងារ ជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង ព្រមទាំងទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការងារ និងបទដ្ឋានគតិយុត្តនានា នៃព្រះរាជាណាចក្រកម្ពុជា។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish