កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហព័ន្ធសហជីពតំណាងកម្មករនិយោជិត និងតំណាងនិយោជកបានអញ្ជើញចូលរួមសិក្ខាសាលាត្រីភាគីផ្ដល់សុពលភាពថ្នាក់ជាតិស្ដីពី «កម្មវិធីការងារសមរម្យប្រចាំកម្ពុជាឆ្នាំ២០២៤-២០២៨» ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ILO នៅសណ្ឋាគារហុីម៉ាវ៉ារី រាជធានីភ្នំពេញ។
គោលបំណងចម្បងនៃសិក្ខាសាលាផ្តល់សុពលភាពសម្រាប់ភាគីILO និងដៃគូពាក់ព័ន្ធនេះ គឺដើម្បីកំណត់សុពលភាព និងអនុម័តលើអាទិភាព លទ្ធផលរំពឹងទុក និងទិន្នផល ព្រមទាំងទ្រឹស្តីនៃការផ្លាស់ប្តូរ DWCP ២០២៤-២០២៨។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា តំណាងភាគីកម្មករនិយោជិត បានថ្លែងចំណាប់អារម្មណ៍នៅក្នុងសិក្ខាសាលា ហើយលោកមានប្រសាសន៍ថា តំណាងភាគីកម្មករនិយោជិត ជាភាគីមួយដ៏សំខាន់នៅក្នុងការអនុវត្តកម្មវិធីការងារសមរម្យរបស់ ILO និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបន្ថែមថា៖ «យើង [តំណាងកម្មករនិយោជិត] មានសេចក្ដីរីករាយដែលបានចូលរួម [សិក្ខាសាលានេះ] និងលើកឡើងនូវជំហររបស់សហជីពនៅក្នុងកម្មវិធីការងារសមរម្យសម្រាប់រយៈពេល ៥ ឆ្នាំ»។
លោកបន្តថា ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃការពិនិត្យ និងផ្ដល់យោបល់ទៅលើការដាក់ធាតុចូល ឬការរៀបចំកម្មវិធីការងារសមរម្យសម្រាប់កម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាលក្នុងរយៈពេល ៥ ឆ្នាំ។
លោកបន្ថែមថា បើពិនិត្យមើលសេចក្ដីព្រាងនៃកម្មវិធីការងារសមរម្យឆ្នាំប្រចាំំកម្ពុជាឆ្នាំ២០២៤-២០២៨ នេះ គឺជាកម្មវិធីមួយស្របជាមួយនឹងកម្មវិធីការងារសមរម្យកន្លងទៅ ប៉ុន្តែមានការកែតិចតួច។
លោកបញ្ជាក់ថា «កម្មវិធីការងារសមរម្យឆ្នាំនេះ មានរយៈពេល ៥ ឆ្នាំ បើយើងពិនិត្យមើលកាលពីលើកទី៥ គឺត្រឹមតែរយៈពេល ៣ ឆ្នាំំ ដោយសារតែរាជរដ្ឋាភិបាលរៀបចំតាមអាណត្តិនៃការបោះឆ្នោត»។
ទោះជាយ៉ាងណា លោកក៏បានលើកឡើងថា ក្នុងនាមតំណាងឱ្យភាគីកម្មករនិយោជិតដែលបានអនុវត្តកម្មវិធីនេះកន្លងមក លោកបានបញ្ជាក់ថា សហព័ន្ធសហជីពឃើញមានចំណុចខ្លះមានការវិវត្តិរីកចម្រើន ហើយកន្លែងខ្លះនៅមានបញ្ហាប្រឈម។
លោកមានប្រសាសន៍ថា៖ «យើង [សហជីព] ឃើញនៅមានការបន្តការរើសអើងនៅឡើយ ហើយជាពិសេសគឺមានការប្ដឹងថ្នាក់ដឹកនាំសហជីពទាក់ទងនឹងរឿងព្រហ្មទណ្ឌ ឬការបញ្ឈប់ពីការងារ។ [បណ្ដឹង] នៅតែមាន និងមិនទាន់បានដោះស្រាយឱ្យបានសព្វគ្រប់»។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា ច្បាប់បទដ្ឋានគតិយុត្តិមួយចំនួនក៏ឃើញមានការវិវត្តិច្រើន ប៉ុន្តែច្បាប់ទាំងអស់នោះក៏ជាបញ្ហាប្រឈមសម្រាប់សហជីពនៅក្នុងវិស័យការងារផងដែរ ដូចជាច្បាប់ស្ដីពីសហជីពជាដើម។
លោកមានប្រសាសន៍ថា៖ «មកដល់ពេលនេះ សហជីពនៅតែជួបប្រឈមនៅក្នុងការបង្កើត ការចូលរួមធ្វើជាតំណាង ហើយក៏ដូចជាការធ្វើការតវ៉ា កូដកម្មជាដើម។ ជាពិសេស សហជីពសភាព សហព័ន្ធសហជីព នៅតែមិនអាចធ្វើជាតំណាងផ្ទាល់ដើម្បីដោះស្រាយបញ្ហារបស់កម្មករទេ»។
ដើម្បីឆ្លើយតបកម្មវិធីការងារសមរម្យរយៈពេល ៥ ឆ្នាំ ក្នុងនាមតំណាងភាគីកម្មករនិយោជិត លោកក៏បានលើកឡើងពីសំណើចំនួន ៦ ចំនុចដែលសហជីពបានពិភាក្សាគ្នាច្រើនដង រួមមាន៖
១.ពង្រីកវិសាលភាពរបបសន្ដិសុខសង្គម និងគុណភាពសេវាសុខាភិបាល
២.លើកកម្ពស់សិទ្ធិសហជីព និងសិទ្ធិការងារដល់កម្មករនិយោជិតដែលងាយរងគ្រោះឱ្យបានប្រសើរជាងសព្វថ្ងៃនេះ ដោយបញ្ឈប់ការរើសអើងការចូលរួមសហជីពពីសំណាក់ជិយោជក
៣.ជំរុញការដោះស្រាយវិវាទការងារ (រួម និងបុគ្គល)
៤.កែលម្អសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិតនិងកន្លែងធ្វើការគ្រប់វិស័យ។
៥.លោកកម្ពស់សមភាពយេនឌ័រ លុបបំបាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។
៦.ពង្រីកការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យទេសចរណ៍ សេវាកម្ម និងសំណង់៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...