លោក ម៉ម រិទ្ធី មេដឹកនាំសហជីព ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ​១៨ ខែ ដោយសារ​រិះគន់កាស៊ីណូ ជីនប៉ី

លោក ម៉ម រិទ្ធី មេដឹកនាំសហជីពត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអង្គារ បន្ទាប់ពីបានកាត់ទោសពីបទ​ញុះញង់ឱ្យប្រព្រឹត្តបទល្មើស​ជាអាទិ៍ ក្រោយ​ពីមាន​បណ្តឹងពី​ក្រុមហ៊ុន ជីនប៉ី​ គ្រុប​ ដែលជាកម្មសិទ្ធិរបស់ជន​ជាតិ​ចិន ហើយត្រូវបានបញ្ជូនទៅពន្ធ​នាគារ​​ព្រៃស ទី​ដែលលោកនឹងអនុវត្តទោសរយៈពេល១៨​ខែ។

លោក សំ វិច្ឆិកា ជា​អ្នក​នាំពាក្យ​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ​មាន​ប្រសាសន៍ថា លោក ម៉ម​ រិទ្ធី ប្រធានសហព័ន្ធសហជីព​និយោជិត​វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) និងជាអនុប្រធានសហភាពការងារកម្ពុជា (CLC) និងមន្ត្រីសហជីព​ពីររូបផ្សេងទៀត​ត្រូវបាននាំ​ខ្លួន​ពីការិយាល័យនៅ​ក្នុងខណ្ឌមានជ័យ រាជ​​ធានីភ្នំពេញកាល​ពី​ថ្ងៃអង្គារ​។ ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ទាំង​ពីរ​នាក់នោះ​​ត្រូវ​បាន​​ដោះលែង​វិញ​នៅ​ពេល​បន្ទាប់​។

លោក​មាន​ប្រសាសន៍​​ថា៖​ «​​តុលាការ​បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​​គាត់​​ [រិទ្ធី] ​នៅ​ពន្ធ​នាគា​រ​ព្រៃស​កាលពី​ម្សិលមិញ [ថ្ងៃ​អង្គារ]»។

សហភាពការងារកម្ពុជា (CLC) បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​ថ្កោល​ទោស​ការ​កាត់ទោសលោក​ ម៉ម រិទ្ធី ដោយ​កំបាំងមុខ ដោយហៅការកាត់​ទោស​នេះថា​ «មិនសមហេតុផល»និងជា »សកម្មភាព​បំភិតបំភ័យ» និងយាយីដល់​សិទ្ធិរបស់តំ​ណាងកម្មករ​និយោជិត។ កន្លងមក លោក រិទ្ធី បាន​បញ្ចេញ​មតិយោបល់​របស់​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​ «បាត់​បង់​ជំនឿ​លើ​ការ​សម្រេច​របស់​តុលាការ» បន្ទាប់​ពី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​បទ​ល្មើស​កាល​ពី​ឆ្នាំ២០​២២​។

យោង​តាម CLC បាន​ឲ្យ​ដឹងថា លោក រិទ្ធី បាន​បញ្ចេញ​មតិយោបល់​របស់​លោក​​តាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុនជីនប៉ី គ្រុប ឯ.ក.នៅ​ពេល​នោះ។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក រិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេញ​​កាត់ទោសកំបាំងមុខ តាម​មាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ ។ លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​​១៨​ខែ​ពី​បទ​ញុះ​ញង់ឲ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ និង​ពិន័យ​ជា​ប្រាក់​ពីរ​លាន​រៀល (៥០០​ដុល្លារ)។

សាលក្រមតុលាការបង្ហាញថា លោក រិទ្ធី បានប្រព្រឹត្តបទល្មើសតាមបណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក រិទ្ធី តាម​ចោទ​ថា បានឡាយ​តាម​ហ្វេសប៊ុក​​រិះគន់កាស៊ីណូ ជីនប៉ី ២ ដោយសារ​ក្រុម​ហ៊ុន​នេះ​បាន​ចោទប្រកាន់បុគ្គលិក​ម្នាក់ឈ្មោះ ម៉ម ស្រីល័ក្ខណ​ ថា បានជួយភ្ញៀវបន្លំ​ឈ្នះ​ប្រាក់​​ប្រមាណ​១៨ ០០០ដុល្លារ ហើយភ្ញៀវនោះ​លែង​មកលេង​កាស៊ីណូទៀត។

លោក រិទ្ធី បាននិយាយនៅពេលនោះ​ថា៖«អ្នកឯងយកក្មេងស្រីម្នាក់ យកប្អូនស្រីម្នាក់ទៅដាក់ក្នុងបន្ទប់ ហើយអ្នកឯងសម្លុតសួរចម្លើយ […] គ្នាប្រកែកថាគ្នាអត់បានធ្វើអ្នកឯងនៅតែបង្ខំគ្នាទៀត» ដោយបាន​បន្ថែមថា អ្នកគ្រប់គ្រង ជីនប៉ី ២ ហៅ ម៉ម ស្រីល័ក្ខណ​ តែម្នាក់​គត់​ចូលក្នុង​បន្ទប់ ដែល​មាន​ជនបរទេស និងជនជាតិខ្មែរ ដែល​បង្ខំគាត់​ឱ្យសារភាព។

លោក រិទ្ធី ក៏បានរិះគន់តុលាការផងដែរ ចំពោះការឃុំខ្លួន ម៉ម ស្រីល័ក្ខណ ដោយគ្មាន​​ភស្តុតាង និងបានស្នើឱ្យតុលាការបញ្ចេញ​វីដេអូដែល​តុលាការយក​មក​ចោទប្រកាន់លើ​នាង។

លោក រិទ្ធី បាន​និយាយ​តាម​បណ្តាញ​សង្គម​​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ឆ្នាំ២០​២២ ថា៖ «ខ្ញុំសួរថា តុលាការចោទប្រកាន់នេះ មើលវីដេអូមើលថាម៉េច? មើលយល់អត់? ឬមួយក៏ស្តាប់ក្រុមហ៊ុននិយាយថាគាត់ខុសហើយចោទប្រកាន់យកតែម្តង? ពីព្រោះរឿងនេះក្រុមហ៊ុនជាអ្នកចោទប្រកាន់»។

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ទេសចរណ៍​កម្ពុជាទទូច​​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម រិទ្ធី ព្រោះ​ការ​ចាប់​ខ្លួន​នេះ​ប៉ះពាល់​ដល់​សេរីភាព​សហជីព​កម្ពុជា។

លោក​មាន​ប្រសាសន៍​​ថា៖​ «[គាត់]គ្រាន់តែបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងភាពអយុត្តិធម៌ដែលកើតឡើងចំពោះកម្មករ ហើយគាត់ត្រូវបានគេចាប់ខ្លួន អ៊ីចឹងធ្វើឱ្យថ្នាក់ដឹកនាំសហជីពដទែទៀតគាត់មិនហ៊ានបញ្ចេញមតិយោបល់ កាលណាមិនហ៊ានបញ្ចេញមតិយោបល់ វាធ្វើឱ្យរឿងអយុត្តិធម៌វាកាន់តែកើនឡើង»។

លោក​បាន​បន្ថែម​​ថា ​ការ​ចាប់​ខ្លួន​នេះ​បង្ហាញ​ថា ​សិទ្ធិ​និង​សេរី​ភាព​នៅ​កម្ពុជា​​បាន​ធ្លាក់​ចុះ។ លោក កុសល បាន​ស្នើ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម រិទ្ធី ព្រោះ​លោក​គ្រាន់​តែ​​​អនុវត្ត​សិទ្ធិ​របស់​លោក ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

លោក ​សំ ចំរើន ជា​មេធាវី​ការពារ​ឲ្យ​លោក រិទ្ធី បញ្ជាក់​ថា ក្រុមហ៊ុនជីនប៉ី គ្រុប ជា​អ្នក​​ប្តឹង​។ លោក​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំ​ណួរ​នោះទេ ខណៈដែលក្រុមហ៊ុន ជីនប៉ី គ្រុប​ ក៏​​មិនបាន​ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ​ដែរ៕

sources: https://khmer.cambojanews.com/union-leader-morm-rithy-convicted-for-criticizing-chinese-owned-jin-bei-casino-two-years-ago/

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish