យុវជន និង សហជីព

គម្រោងស្តីពី ការពង្រឹងសិទ្ធិអំណាចយុវជនតាមរយៈការលើកកម្ពស់ការងារសមរម្យ គឺជាគម្រោងមួយក្នុងចំណោមគម្រោងកម្មវិធីជាច្រើនរបស់សហភាពការងារកម្ពុជា។ គម្រោងនេះមានគោលបំណងសំខាន់គឺ ផ្តល់ការបណ្តុះបណ្តាលកសាងសមត្ថភាពជំនាញ និង បទពិសោធន៍ដល់យុវជន ដើម្បីទទួលបានឱកាសការងារ សមរម្យ ប្រាក់ឈ្នួលសមរម្យ និងកសាងបណ្តាញការងារប្រកបដោយប្រសិទ្ធភាព សម្រាប់យុវជនធ្វើការអភិវឌ្ឍខ្លួនទាំងពេលបច្ចុប្បន្ន និងអនាគតដើម្បីក្លាយខ្លួនជាធនធានដ៏ល្អមួយនៅក្នុងវិស័យការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការយល់ដឹងពីចលនាសហជីព និងលើកកម្ពស់សិទ្ធិការងារ លក្ខខណ្ឌការងារ សេរីភាពសហជីព និងការការពារអត្ថប្រយោជន៍ ជូនកម្មករគ្រប់វិស័យនៅក្នុងវិស័យការងារ

សហភាពការងារកម្ពុជា(CLC)យល់ឃើញថា៖ កំណើនយុវជនគឺបាននឹងកំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយយុវជនគឺជាធនធានដ៏សំខាន់ ដែលពោរពេញទៅដោយថាមពលប្រាជ្ញា និងថាមពលរាងកាយដែលមិនចេះរីងស្ងួត ព្រមទាំងការអភិវឌ្ឍន៍ខ្លួនទៅមុខជានិច្ចរបស់យុវជនសម្រាប់ក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ទាំងពេលបច្ចុប្បន្ន និងអនាគត់នៅក្នុងវិស័យឯកជន កិច្ចការសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងការទំនាក់ទំនងកិច្ចការជាលក្ខណអន្តរជាតិជាដើម។ ដូច្នេះការបណ្តុះបណ្តាលចំណេះដឹង ជំនាញ ភាសាបរទេស បច្ចេកវិទ្យា បទពិសោធន៍ និងបំនិនជិវិតដល់យុវជនគឺជាកត្តាចាំបាច់បំផុត ដែលគ្រប់ស្ថានប័ន និងវិស័យពាក់ព័ន្ធនានាត្រូវធ្វើដើម្បីកសាងយុវជននៅក្នុងសង្គមមួយ ដែលពោរពេញដោយសក្តានុពល និងថាមពលទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ជារួមមក ដើម្បីឱ្យមានការអភិវឌ្ឍន៍ធនធានយុវជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺត្រូវមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍន៍យុវជននៅកម្រិតអន្តរជាតិ កម្រិតជាតិ និងកម្រិតស្ថាប័នទាំងនៅក្នុងវិស័យសាធារណៈ វិស័យឯកជន និងនយោបាយជាដើម។ លើសពីនេះទៅទៀត គឺត្រូវផ្តល់ឱកាសដល់យុវជនឱ្យបានទូលំទូលាយ ក្នុងចូលរួមផ្តល់មតិយោបល់ ចូលរួមធ្វើសេចក្តីសម្រេចចិត្ត ចូលរួមអនុវត្ត សេចក្តីសម្រេចចិត្ត ចូលរួមតាមដានវាយតម្លៃលើលទ្ធផលការងារ និងចូលរួមផ្តល់មតិកែលម្អលើការអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រៅពីនេះ យុវជនក៏ត្រូវទទួលបានឱកាស ដោយគ្មានការរើសអើង តម្លាភាព និង ស្មើភាពគ្នាក្នុងការចូលរួមកម្មវិធីកិច្ចប្រជុំ ឬព្រឹត្តិការណ៍ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល និងភាគីអន្តរជាតិជាដើម។

ក្នុងព្រឹត្តិការណ៍សំខាន់ៗបែបទាំងនេះ យុវជនគាត់អាចចូលរួមធ្វើជាគណៈកម្មការរៀបចំដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីដំណើរការ នៃការរៀបចំកម្មវិធី និងសិក្សាអំពីខ្លឹមសារ អត្ថន័យ ក៏ដូចជានិតិវិធី ឬរបៀបនៃកិច្ចប្រជុំជាដើម។ យុវជនភាគច្រើនគាត់បានទទួលការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបង្កើត និងផ្តល់ដោយរាជរដ្ឋាភិបាល អង្គការ សមាគម សហជីព ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តីយុវជននៅខ្វះខាត មជ្ឈមណ្ឌលសម្រាប់ហ្វឹកហាត់ការងារ អនុវត្តទ្រឹស្តី និងដកស្រង់បទពិសោធន៍ការងារ។ ដូច្នេះសូមរាជរដ្ឋាភិបាលធានាឱ្យមាននូវ មជ្ឈមណ្ឌលហ្វឹកហាត់ការងារសម្រាប់យុវជន ហើយអង្គការ សមាគម សហជីព ក្រុមហ៊ុន និងដៃគូនានាផ្តល់ឱកាស សម្រាប់យុវជនបានចូលហ្វឹតហាត់ការងារ និងធ្វើការងារស្ម័គ្រចិត្តនៅស្ថាប័នរបស់ខ្លួនឱ្យបានកាន់តែច្រើន និងផ្តល់ការណែនាំតម្រែតម្រង់ទិសសម្រាប់យុវជន។

ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍យុវជន សហភាពការងារកម្ពុជា (CLC) មានសកម្មភាពជាច្រើន ដែលកំពុងធ្វើជាមួយយុវជនរួមមាន៖
  1. សហភាពការងារកម្ពុជា បានបង្កើតឱ្យមានគណៈកម្មាធិការយុវជន ដែលដឹកនាំដោយយុវជន ហើយគណៈកម្មាធិការនេះ កើតឡើងដោយការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពីសំណាក់យុវជន ដែលតំណាង មកពីវិស័យចំនួន៨ ដើម្បីសម្របសម្រួលដឹកនាំការងារយុវជន។
  2. បង្កើតកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍យុវជននៅក្នុងប្រទេស ថ្នាក់តំបន់ និងអន្តរជាតិ។
  3. រៀបចំទិវាយុវជនអន្តរជាតិ សម្រាប់យុវជនមកពីគ្រប់វិស័យ សិស្ស និងនិស្សិតបានជួបជុំគ្នាសម្តែងមតិ បង្ហាញពីក្តីកង្វល់ តម្រូវការ និងយុទ្ធសាស្រ្តនានាដើម្បីយុវជន។
  4. បង្កើតកម្មវិធីសំឡេងយុវជន ដើម្បីផ្តល់ឱកាសសម្រាប់យុវជនបានចែករំលែក នូវខ្លឹមសារ និងបញ្ហាសំខាន់ដល់ភាគីពាក់ព័ន្ធ តាមរយៈវិទ្យុ ព្រឹត្តិប័ត្រ គេហទំព័រហេ្វសប៊ុក និងគេហទំព័រសហភាពជាដើម។
  5. កម្មវិធីបោះពុម្ភផ្សព្វផ្សាយនូវមេរៀនល្អៗសម្រាប់ផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់យុវជន តាមរយៈការអាន
  6. គឺសេវាកម្មការងារស្ម័គ្រចិត្តសម្រាប់យុវជន តាមរយៈកម្មវិធីនេះ សហភាពបានផ្តល់ ការងារស្ម័គ្រចិត្ត និងជួយរកឱកាសការងារដល់យុវជន និងអនុញ្ញាត្តឱ្យយុវជន បានចូលរួមធ្វើជាគណៈកម្មការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ជាច្រើនជាមួយសហភាពផងដែរ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish