ប្រាក់ឈ្នួល គឺជាចំណុចសំខាន់របស់កម្មករនិយោជិត ដែលបានកំណត់ក្នុងលក្ខខណ្ឌការងារបន្ទាប់ពីម៉ោងការងារ និងសុខភាព សុវត្ថិភាពការងារ។ នៅប្រទេសកម្ពុជា គេឃើញមានការកំណត់និយមន័យ និងគោលការណ៍មួយចំនួននៅក្នុងច្បាប់ការងារ។ គេក៏ឃើញមានការកំណត់ប្រាក់ឈ្នួលអប្បបរមា តាមការចរចាគ្នាផងដែរ។ ថ្មីៗនេះ ការកំណត់ប្រាក់ឈ្នួលអប្បបរមាជាបញ្ហាដែលកំពុងពេញនិយម នៅក្នុងវិស័យការងារ ជាពិសេសវិស័យកាត់ដេរ។
ដោយយោងលើច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ និងបទពិសោធន៍កន្លងមកបានឱ្យឃើញថា ដើម្បីទទួលបាន ប្រាក់ឈ្នួលអប្បបរមា សហជីព និងកម្មករ ត្រូវធ្វើសកម្មភាពទាមទារប្រាក់ឈ្នួលដោយខ្លួនឯង ដូចនេះក្នុងវិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកសិកម្ម ដែលជាអាទិភាពបន្ទាប់ពីវិស័យកាត់ដេរ។ តំណាងសហជីពកម្មករ គួតែចាប់ផ្តើមរៀបចំសំណើដាក់ទៅក្រសួងការងារ ដើម្បីទទួលបានការយកចិត្តទុក្ខដាក់ពីក្រសួង ឬក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរ។ តាមគោលការណ៍ច្បាប់ ប្រាក់ឈ្នួល គឺជាឈ្នួលការងារ ឬឈ្នួលសេវា ដែលអាចគិតជាប្រាក់ ដែលគេបានកំណត់ក្នុងកិច្ចសន្យាការងារ ឬច្បាប់ជាតិ។ ប្រាក់នេះ និយោជក(ថៅកែ) ត្រូវបើកឱ្យកម្មករនិយោជិតផ្ទាល់ដៃ លើកលែងតែ កម្មករនិយោជិតយល់ព្រមបើកតាមវិធីផ្សេងទៀត។ ការបើកប្រាក់ឈ្នួលត្រូវបើកក្នុងម៉ោង និងកន្លែងការងារ ត្រូវបើកឱ្យក្នុងរយៈពេលយ៉ាងយូរពីរដងក្នុងរយៈពេលមួយខែ សម្រាប់កម្មករ និងមួយដងក្នុងមួយខែសម្រាប់និយោជិត។ ប្រាក់ឈ្នួល ត្រូវបានហាមចំពោះការកាត់កង ចំពោះការជំពាក់ផ្សេងៗ បើវាប៉ះពាល់ដល់ការចំណាយ សម្រាប់ចញ្ចឹមជីវិតរបស់កម្មករ និងគ្រូសាររបស់ពួកគេ។
ចំពោះការផ្ដល់ប្រាក់ឈ្នួលនាពេលបច្ចុប្បន្ននេះ មិនមានការកំណត់ជាក់លាក់ទេ គឺនិយោជកផ្ដល់ឱ្យ
កម្មករតាមការចរចាគ្នា ទៅតាមប្រភេទការងារ និងទេព្យកោសលរបស់កម្មករ។ ការកំណត់ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន មានតែការកំណត់ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង ចំពោះវិស័យផ្សេងទៀតនៅមិនទាន់កំណត់នៅឡើយ។ ការកំណត់នេះ វាកើតឡើងដោយសារសហជីពនៅក្នុងវិស័យនេះធ្វើការតវាទាមទាចាប់តាំងពីអំឡុងឆ្នាំ២០០០ មកម្លេះ។
ប្រាក់ឈ្នួល មានចែងនៅក្នុងច្បាប់ស្ដីពីការងារ នៅក្នុងមាត្រា១០៤ បានចែងថា ប្រាក់ឈ្នួល យ៉ាងតិចណាស់ក៏ត្រូវស្មើនឹងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានធានា ពោលគឺរ៉ាប់រងកម្មករនិយោជិតគ្រប់រូប ឱ្យមានកម្ពស់ជីវភាពសមរម្យ ទៅតាមសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ មាត្រា១០៧ បានចែងថា ធាតុផ្សំដែលត្រូវយកមកគណនា សម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវមានយ៉ាងហោចណាស់៖សេចក្ដីត្រូវការរបស់កម្មករនិយោជិត និងគ្រូសារដោយផ្អែកលើកម្រិតប្រាក់បៀវត្ស ជាទូទៅនៅក្នុងប្រទេសតម្លៃជីវភាពរស់នៅ តាវលិកផ្នែកសន្តិសុខសង្គម និងកម្រិតជីវភាពប្រៀបធៀប ពីក្រុមមួយទៅក្រុមមួយ។
កត្តាទាំងឡាយនៃវិស័យសេដ្ឋកិច្ច រួមទាំងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ផលិតភាព និងផលប្រយោជន៍ដែលត្រូវសម្រេចឱ្យបាន និងថែរក្សាឱ្យបាននូវកម្រិតខ្ពស់នៃមុខរបរ។ មាត្រានេះក៏ស្របគ្នាជាមួយអនុសញ្ញាលេខ១៣១ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមា របស់អង្គការអន្តរជាតិខាងការងារ ឆ្នាំ១៩៧០ ផងដែរ។
ដោយយោងទៅលើគោលការណ៍ នេះហើយ ក្រោយកូដកម្ម នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ អង្គការអន្តរជាតិខាងការងារ (ILO) បានមកជួយជាបច្ចេកទេស ហើយឱ្យភាគីទាំងបីនៅប្រទេសកម្ពុជា បានធ្វើការកំណត់ប្រាក់ឈ្នួលជូនកម្មករកាត់ដេរ។
នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ កិច្ចព្រមព្រៀងរវាង សមាគមនិយោជក (GMAC) និងសហជីពត្រូវបានចុះ ហើយនៅក្នុងកិច្ចព្រមព្រៀងនោះបានឯកភាពគ្នាលើគោលការណ៍៖ ១. ត្រូវចរចាគ្នាជារៀងរាល់ឆ្នាំ ២. ត្រូវយកគោលការណ៍ឈ្នះ ឈ្នះ ៣. ត្រូវ យកគោលការណ៍ឯកភាពគ្នា ក្នុងករណីមិនព្រម ត្រូវការធ្វើការបោះឆ្នោត និង៤.ប្រើប្រាស់ទិន្ន័យរបស់រដ្ឋ។
ត្រូវយកហេតុផលសេដ្ឋកិច្ច និងសង្គមមកធ្វើការជាមូលដ្ឋានក្នុងការគណនាប្រាក់ឈ្នួល អប្បបរមា ហើយបានបំបែកចេញជា០៧ចំណុចដូចជា៖ ១.ស្ថានភាពគ្រូសារ ២.អត្រាអតិផរណា ៣.ចំណាយក្នុងការរស់នៅ ៤.ផលិតភាព ៥.ភាពប្រកួតប្រជែងរបស់ប្រទេស ៦.ស្ថានភាពទីផ្សារការងារ និង៧.កម្រិតចំណេញរបស់វិស័យ។
មកដល់ឆ្នាំ២០២០ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវិស័យកាត់ដេរ និងដេរស្បែកជើងមានចំនួន ១៩០ដុល្លារ អាមេរិក និងមានអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ០៧ដុល្លារអាមេរិក។ នៅឆ្នាំ២០២១ ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងដល់ចំនួន ១៩២ដុល្លារអាមេរិក សរុបទាំងអស់ស្មើនឹងចំនួន ២០៩ដុល្លារអាមេរិក។
បើទោះជាមានការកំណត់ប្រាក់ឈ្នួល នៅក្នុងវិស័យនេះហើយក៏ដោយ ក៏ប្រាក់ឈ្នួលនៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបទៅនឹងការចំណាយក្នុងការរស់នៅដែរពួកគេបានត្អួញត្អែ ដែលនយោជកបង្កើនចំនួនឱ្យពួកគេធ្វើខ្ពស់ហួសហេតុ។
ឆ្នាំ២០១៨ ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានបង្កើត ដែលច្បាប់នេះមានលក្ខណៈស្រដៀងទៅនឹងច្បាប់ការងារ និងអនុសញ្ញាលេខ ១៣១ របស់អង្គការអន្តរជាតិខាងការងារ (ILO)។ ជាពិសេសមាត្រា ៥ ក៏បានបញ្ជាក់ស្រដៀងនឹងមាត្រា ១០៤, ១៧ នៃច្បាប់ស្តីពីការងារ។
ក្នុងច្បាប់ក៏បានកំណត់ឱ្យបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលក្រុមប្រឹក្សានេះ មានតួនាទីផ្ដល់យោបល់ជូនរដ្ឋមន្រ្តីក្រសួងការងារ ដើម្បីចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមានេះ។ នៅក្នុងវិស័យផ្សេងៗទៀត ក៏កំពុងតែជំរុញឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួល ដោយយកតាមគោលការណ៍ថ្មីនេះ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...